ពិធីសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ រវាងក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា

ភ្នំពេញ នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានចាប់ដៃគូជាមួយនឹង ធនាគារ ហត្ថា ដែលជាធនាគារធំជាងគេមួយក្នុងប្រទេសកម្ពុជា ដើម្បីសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមថ្មីមួយ ដែលមានឈ្មោះថា​ «SMILE អិចស្រ្តាឃែរ»

ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ  គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមដែលផ្តល់ការការពារជំងឺធ្ងន់ធ្ងររហូតដល់ ៨០​ ប្រភេទ ចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ រួមមានទាំង ជំងឺមហារីក ការវះកាត់ ជំងឺគាំងបេះដូងស្រួចស្រាវ ជំងឺខូចតម្រងនោមកម្រិតធ្ងន់​ ជំងឺខូចថ្លើមកម្រិតធ្ងន់​ ជំងឺសួតកម្រិតធ្ងន់​ ជំងឺរលាកថ្លើមធ្ងន់​ធ្ងរ និងជំងឺផ្សេងៗជាច្រើនទៀត។​ ផលិតផលនេះផ្តល់​នូវការការពារដល់​អតិថិជនចាប់ពីអាយុ ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងអប្បបរមាចាប់ពី ៣ ០០០ ដុល្លារអាមេរិក។ 

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ ក្នុងភាពជាដៃគូប៊េងកាសួរេនជាមួយធនាគារ ហត្ថាផលិតផលបន្ថែមនេះផ្តល់ជូននូវការការពារយ៉ាងច្រើនទៅលើបញ្ហាសុខភាព សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងគ្រួសាររបស់ពួកគេ»

ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលក្នុងស្រុកមួយដែលជាតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា  ព្រមទាំងផ្តល់ជូនយ៉ាងពិសេសសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា«យើងពិតជាមានមោទកភាពក្នុងការចាប់ដៃគូជាមួយ សុវណ្ណាភូមិ​ ឡាយហ្វ៍ ក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ»។ ផលិតផលបន្ថែមនេះផ្តល់ជូននូវបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងការការពារយ៉ាងសម្បូរបែប ដែលផ្តល់ជូនសន្តិភាពផ្លូវចិត្ត ក៏ដូចជាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន។»

ការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា​ ក្នុងការបន្តពង្រីកនូវការផ្តល់ជូនទៅកាន់អតិថិជនកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវការរបស់សង្គមជាតិយើង។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុន​​ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) ដែលជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១ និង​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីស៊ីអិល (MuangThai Life Assurance PCL) ពីប្រទេសថៃ។

ក្រុមហ៊ុន​​ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញនៅឆ្នាំ ២០១៦។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងអាចបង្កើតនូវផលិតផល និងសេវាកម្មដ៏សាកសមដើម្បីបំពេញនូវតម្រូវការជាក់លាក់របស់អតិជនកម្ពុជា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុនទាំងពីរ ដោយផ្តោតទៅលើ «អតិថិជនជាចំបង» ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា។


អំពី ធនាគារ ហត្ថា៖

ធនាគារ ហត្ថា​​​​​​​​​​​ ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជន។ សេវាកម្មទាំងនេះរួមមាន កម្ចី គណនីសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការផ្ទេរប្រាក់តាមធនាគារក្នុងស្រុក ម៉ាស៊ីនATM សេវាធនាគារចល័ត(Hattha Mobile Banking) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាការធានារ៉ាប់រង និងផលិតផលហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារ ហត្ថា ប្រតិបត្តិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ធនាគារ ក្រុងស៊្រី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេទីប្រាំ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានដំណើរការ ៧៧ឆ្នាំ មកហើយ។ បន្តែមលើសពីនេះ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។