ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល

សូមស្វាគមន៍មកកាន់ ធនាគារ ហត្ថា!

គ្រប់យ៉ាងបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៤ នៅពេលដែលស្ថាបនិករបស់យើងបានបង្កើតគម្រោងសន្តិសុខស្បៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ក្នុងគ្រានោះដែរ ធនាគារ ហត្ថា​ មានបណ្ដាញប្រតិបត្តិការតែក្នុងតំបន់តូចមួយក្នុងទីជនបទនៃ ព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ប៉ុន្តែពួកយើងបានពង្រីកបណ្ដាញប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់ ២៥​ ខេត្ត/ក្រុង នាពេលបច្ចុប្បន្ន ក្នុងគោលដៅបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនកាន់តែទូលំទូលាយជាងមុន ទាំងអតិថិជនលក្ខណៈបុគ្គល និងអតិថិជនលក្ខណៈគ្រួសារ សហគ្រាសខ្នាតតូច និងមធ្យម នៅទូទាំងប្រទេស។

ធនាគារ ហត្ថា រក្សាគោលជំហររបស់យើងបានយ៉ាងរឹងមាំ ជាមួយ​ចក្ខុវិស័យយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា​ ទើបធ្វើឱ្យ ធនាគារ ហត្ថា អាចធ្វើដំណើរទៅមុខប្រកបដោយភាពជោគជ័យជាឥតឈប់ឈរ និងក្លាយខ្លួនជាគ្រឹះស្ថានដ៏ល្បីល្បាញមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានការលូតលាស់លឿនបំផុតអំឡុងពេល ៣ ទសវត្សរ៍ នេះ។

ដោយមានចក្ខុវិស័យជាក់លាក់បែបនេះ ទើបនាំឱ្យយើងសម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងឆ្នាំ ២០២០ ពោលគឺការប្រែក្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទៅជា ធនាគារពាណិជ្ជ ទោះបីក្នុងស្ថានភាពញាំញីដោយវិបត្តិកូវីដ១៩ ក៏ដោយ។ សមិទ្ធផលមួយនេះ គឺមិនអាចសម្រេចបានឡើយប្រសិនបើគ្មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភាគទុនិក ប៉ុន្តែកាន់តែសំខាន់ជាងនេះទៅទៀត គឺការប្ដេជ្ញាចិត្ត ការលះបង់អស់ពីកម្លាំងកាយចិត្ត និងការអត់ធ្មត់ខ្ពស់របស់មហាគ្រួសារ ធនាគារ ហត្ថា​ ទាំងមូលរួមគ្នាសាងសមិទ្ធផលដែលបាន​​ និងកំពុងកើតឡើងនៅពេលនេះ។

យើងមានមោទកភាពជាខ្លាំងចំពោះសមិទ្ធផលដែលយើងសម្រេចបាននាពេលកន្លងមក។ ផ្អែកលើស្ថានភាពសេដ្ឋកិច្ចដ៏អំណោយផល​ក្នុងឆ្នាំ ២០២៣​ នេះ ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា យើងនឹងអាចសម្រេចបានលទ្ធផលដ៏គាប់ប្រសើរនៅក្នុងវិស័យធនាគារទាំងមូលក្នុងឆ្នាំថ្មីបន្តបន្ទាប់ទៀត ហើយយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាតាមរយៈផលិតផលហិរញ្ញវត្ថុយ៉ាងសម្បូរបែបរបស់យើង ដែលជាជម្រើសដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងន័យបង្កើនចំនួនអតិថិជនទូទៅ និងសហគ្រាសធុនតូច និងមធ្យម នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មគ្រប់ប្រភេទ និងការប្រើប្រាស់របស់គាត់ ដែលនេះនឹងក្លាយទៅជាកម្លាំងចលករមួយរួមចំណែកអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

បុគ្គលិករបស់យើងគឺជាធនធានដ៏មានតម្លៃបំផុត ដែលយើងមិនអាចខ្វះការយកចិត្តទុកដាក់បានឡើយយើងនឹងបន្តពង្រឹង និងលើកទឹកចិត្ដដល់ពួកគេដើម្បីបន្តបេសកកម្មរួមគ្នាសាងអនាគតដ៏ប្រសើរ ដើម្បីផ្តល់ជូននូវភាពរីកចម្រើនជូនអតិថិជនរបស់យើង។ ជាងនេះទៅទៀត យើងប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រក្នុងការផ្តល់ជូននូវភាពរីកចម្រើនទាំងចំពោះអតិថិជន ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍ដែលយើងកំពុងរស់នៅ ដូចពាក្យស្លោករបស់យើង រួមគ្នាសាងអនាគតដ៏ប្រសើរ

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ភាគទុនិក ដៃគូអាជីវកម្ម និងធនាគារជាតិនៃកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់ការគាំទ្រ និងសហប្រតិបត្តិការយ៉ាងកក់ក្តៅនាពេលកន្លងមក។

រួមគ្នាសាងអនាគតដ៏ប្រសើរ!

 

Phonganant THANATTRAI
ប្រធានក្រុមប្រឹក្សាភិបាល