ធនាគារ ហត្ថា បានឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការរៀបចំកម្មវិធី ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ

សៀមរាប  ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ហត្ថា​ បានឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ​កុមារអង្គរ ក្នុងការរៀបចំកម្មវិធី ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ។​

កម្មវិធីនេះគឺប្រារព្ធឡើងដើម្បីកៀរគរប្រមូលថវិកាសម្រាប់មន្ទីរពេទ្យបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយសង្គ្រោះកុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃៗដែលត្រូវការសេវាព្យាបាលប្រកបដោយការយកចិត្តទុកដាក់។

កម្មវិធីជិះកង់ដើម្បីបរិស្ថាន និងសុខភាពនេះក៏មានភ្ជាប់ជាមួយនូវការដាំដើមឈើ និងការចែកសម្ភារសិក្សាជូនសិស្សសាលាបឋមសិក្សានគរក្រៅផងដែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ បុគ្គលិកធនាគារ ហត្ថា មកពីសាខានានាជុំវិញខេត្តសៀមរាប និងអ្នកចូលរួមមកពីស្ថាប័នផ្សេងៗ ព្រមទាំងសាធារណជននានា សរុបប្រមាណជាង ៩០០នាក់។ ​

ការឧបត្ថម្ភគាំទ្ររបស់​ ធនាគារ ហត្ថា ​ក្នុង​ថ្ងៃ​នេះ​បាន​សរបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​​​សង្គម តាមរយៈការចូលរួម​ចំណែកការពារ និងថែរក្សា​បរិស្ថាន គឺការដាំកូនឈើ ការលើកម្ពស់សុខមាលភាពសង្គម​ ការបរិច្ចាគឈាម និងជាពិសេសគឺការគាំពារកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរតែម្តង។ ជាក់ស្តែងណាស់ ក្នុងឆ្នាំនេះ ដោយមានការអនុញ្ញាត និងការសហការពីមន្ទីរពេទ្យកុមារអង្គរ ធនាគារ ហត្ថា ក៏បានបង្កើតកម្មវិធីសប្បុរសធម៌មួយគឺ ការចូលរួមរៃអង្គាសថវិកាពីបុគ្គលិករបស់ធនាគារ ហត្ថា ព្រមទាំងអតិថិជនរបស់យើង ក៏ដូចជាសាធារណជននានា ជូនដល់មន្ទីរពេទ្យកុមារអង្គរជារៀងរាល់ខែផងដែរ ក្នុងគោលបំណងចូលរួមចំណែកឱ្យមន្ទីរពេទ្យបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលកុមារកម្ពុជារបស់យើង ដោយឥតគិតថ្លៃ។​

ហើយធនាគារ ហត្ថា សង្ឃឹមយ៉ាងមុតមាំថា សកម្មភាពក្នុងថ្ងៃនេះ នឹងជាសារមួយជួយផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃបរិស្ថាន ក៏ដូចជាសុខភាពផ្ទាល់ខ្លួនតាមរយៈការជិះកង់កម្សាន្តផង ព្រមទាំងជាការហាត់ប្រាណដើម្បីសុខភាព និងបរិស្ថានយើងផង ហើយអ្វីដែលសំខាន់នោះ គឺការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់យើងជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្មមើលថែកុមារកម្ពុជារបស់យើងឱ្យទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និងឥតគិតថ្លៃ៕