ចំណាប់អារម្មណ៍ប្រធានអគ្គនាយក



សូមស្វាគមន៍មកកាន់ ធនាគារ ហត្ថា ម.ក!

លោកអ្នកប្រហែលជាធ្លាប់បានឮ ឬឃើញសាររបស់យើងដែលបានសរសេរថា “រួមគ្នាសាងអនាគតដ៏ប្រសើរ”។ ការដែលលើកឡើងបែបនេះក៏ព្រោះតែយើងបានផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងតម្លាភាពទៅកាន់អតិថិជនដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវភាពរីកចម្រើនទៅកាន់អតិថិជន ជាជាងផ្តោតតែលើប្រាក់ចំណេញតែម្យ៉ាង។ យើងប្តេជ្ញាថានឹងធ្វើជាធនាគារដែលមានទំនាក់ទំនងល្អបំផុតជាមួយអតិថិជន ដោយធ្វើការផ្តល់អាទិភាពទៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើគ្រប់តម្រូវការហិរញ្ញវត្ថុឲ្យទទួលបាននូវការពេញចិត្តខ្ពស់។

ដូចដែលបានដឹងរួចមកហើយ មិនមែនតែប្រទេសកម្ពុជានោះទេ ពិភពលោកទាំងមូលកំពុងប្រឈមបញ្ហាដ៏លំបាកនាពេលបច្ចុប្បន្ននេះ។ ការរីករាតត្បាតនៃជម្ងឺ កូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់ដល់តុល្យភាពក្នុងការវាយតម្លៃកិច្ចការងារស្ទើតែគ្រប់ប្រភេទ ហើយជាលទ្ធផលកិច្ចការងារសំខាន់ៗជាច្រើនត្រូវបានអាក់ខាន និងធ្វើការវាយតម្លៃឡើងវិញ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាធនាគារឈានមុខ ដែលប្តេជ្ញាក្នុងការក្លាយខ្លួនជាជម្រើសទីមួយក្នុងចិត្តអតិថិជន ក៏ដូចជាក្រោមការគាំទ្រ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ ធនាគារ ហត្ថា នៅតែមានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ដើម្បីផ្តល់ជូនការបម្រើសេវាទៅកាន់អតិថិជនឲ្យកាន់តែសម្បូរបែប និងល្អប្រសើរ។

ជាមួយនឹងបទពិសោធន៍ដ៏ចាស់ទុំក្នុងការបម្រើសេវាហិរញ្ញវត្ថុ អស់រយៈពេលជាង ២៦ឆ្នាំ កន្លងមកនេះ យើងខ្ញុំចង់ជម្រាបទៅកាន់អតិថិជនទាំងអស់ឲ្យបានជ្រាបថា លោកអ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង ហើយយើងប្តេជ្ញាថានឹងកាន់ដៃអ្នកឆ្ពោះទៅកាន់ភាពរីកចម្រើនជាមួយគ្នាដូចដែលភាពរីកចម្រើនរបស់យើងនាពេលនេះផងដែរ។ យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញអតិថិជន ប្រើប្រាស់សេវាកម្មរបស់ ធនាគារ ហត្ថា ហើយយើងសន្យាថានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការស្តាប់ និងឆ្លើយតបឲ្យបានល្អប្រសើរបំផុតទៅតាមតម្រូវការរបស់លោកអ្នក។ សូមផ្តល់ឱកាសឲ្យក្រុមការងារយើងបានផ្តល់ជូននូវការបម្រើសេវាទៅកាន់លោកអ្នក នៅពេលនោះលោកអ្នកនឹងដឹងថា ហេតុអ្វីបានជាអតិថិជនរបស់យើងសម្រេចចិត្តប្រើប្រាស់ និងបន្តប្រើប្រាស់សេវាកម្មរបស់យើង ដែលនោះក៏ព្រោះតែ ធនាគារ ហត្ថា តែងតែគិតដល់អត្ថប្រយោជន៍ និងភាពងាយស្រួលរបស់អតិថិជនជាគោល។

បេសកកម្មក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានបញ្ចប់ដោយជោគជ័យ ហើយយើងជឿជាក់យ៉ាងមុតមាំថាជាមួយមុខមាត់ថ្មីជាធនាគារពាណិជ្ជ នឹងធ្វើឲ្យយើងអាចបន្តដំណើរទៅមុខទៀតកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់យើង។

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការគាំទ្ររបស់លោកអ្នក ហើយយើងនឹងខិតខំបន្ថែមទៀតដើម្បីផ្តល់ជូនសេវាដែលមិនគ្រាន់តែដូច ប៉ុន្តែលើសពីការរំពឹងទុក។

រួមគ្នាសាងអនាគតដ៏ប្រសើរ!


ឧកញ៉ា ហួត អៀងតុង

ប្រធានអគ្គនាយក