ធនាគារ ហត្ថា រក្សាបានចំណាត់ថ្នាក់កម្រិត BBB+ សម្រាប់ រយៈពេល ៤ ឆ្នាំជាប់គ្នា ជាស្ថាប័នដែលមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព ព្រមទាំងសម្រេចបាននូវចំណាត់ថ្នាក់ A-/Stable ផ្នែកប្រមូលព័ត៌មានឥណទាន ពីក្រុមហ៊ុន TRIS Rating

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុង ព្រះរាជាណាចក្រកម្ពុជា រក្សាបានចំណាត់ថ្នាក់កម្រិត “BBB+” សម្រាប់ Company Rating និង កម្រិត “a-“ សម្រាប់ Stand-Alone Credit Profile ៤ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ។ ចំណាត់ថ្នាក់កម្រិតនេះ បញ្ជាក់ថា ធនាគារ ហត្ថា មានស្ថិរភាពលើដំណើរការប្រតិបត្តិការរបស់ខ្លួន ឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា មានស្ថានភាពដើមទុនគ្រប់គ្រាន់ និងការគ្រប់គ្រងហានិភ័យរឹងមាំ និងប្រកបដោយភាពប្រុងប្រយ័ត្ន។

ការទទួលបានចំណាត់ថ្នាក់នេះផ្អែកលើលទ្ធផលនៃការវាស់វែងសូចនាករសំខាន់ៗដូចជា៖

- ជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់ធនាគារ Krungsri ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃ

- ទំហំប្រតិបត្តិការធនាគារធំជាងគេលំដាប់ទី៦ នៅកម្ពុជា

- មានស្ថានភាពដើមទុនរឹងមាំ និងគ្រប់គ្រាន់

- មូលដ្ឋានប្រាក់បញ្ញើសន្ទនីយភាពមានភាពរឹងមាំ និងគ្រប់គ្រាន់ 

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ លទ្ធផលចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាព និងបានគូសបញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់យើង និងសាធារណជនថា ធនាគារ ហត្ថា កំពុងដើរតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។ ខ្ញុំជឿជាក់ថាចំណាត់ថ្នាក់នេះនឹងជួយឱ្យ ធនាគារ ហត្ថា កៀងគរប្រភពមូលធន ដើម្បីរួមចំណែកជំរុញកំណើនអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបន្តទៅមុខទៀត។

 

អំពីធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបចំនួនជាង ៩០.០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។