ធនាគារ ហត្ថា និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ពួតដៃគ្នាក្នុងការផ្តល់នូវដំណោះស្រាយទូទាត់តាមបែបឌីជីថលដ៏ទំនើប ដើម្បីបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ល្បីល្បាញមួយ បានប្រកាសនៅថ្ងៃនេះអំពីភាពជាដៃគូយុទ្ធសាស្រ្តតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU)។ កិច្ចសហការនេះមានគោលបំណងពង្រីកសេវាកម្មហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អតិថិជន តាមរយៈការរួមបញ្ចូលការទូទាត់បុព្វលាភធានារ៉ាប់រងទៅក្នុងប្រព័ន្ធឌីជីថលរបស់ធនាគារ ហត្ថា។

ក្រោមភាពជាដៃគូថ្មីនេះ អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក អាចទូទាត់បុព្វលាភធានារ៉ាប់រងបានយ៉ាងរលូនតាមរយៈមធ្យោបាយផ្សេងៗ រួមមានកម្មវិធីធនាគារចល័ត ហត្ថា ម៉ូបាល និងហត្ថា អ៊ីនធឺណិតប៊ែងឃីង ដ៏ទំនើប។ លើសពីនេះ អតិថិជនក៏អាចធ្វើការទូទាត់នៅគ្រប់សាខាទាំងអស់របស់ធនាគារ ហត្ថា ទូទាំងប្រទេស ផងដែរ។

លោក Wee Mun Seng អនុប្រធានអគ្គនាយក ធនាគារ ហត្ថា បានសម្តែងការសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយមានប្រសាសន៍ថា តាមរយៈការចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក យើងកំពុងអះអាងបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអតិថិជនជាអាទិភាព។ ភាពជាដៃគូនេះគឺជាសក្ខីភាពមួយចំពោះគោលដៅរួមរបស់យើងក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងកាន់តែងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់អតិថិជន និងបុគ្គលិករបស់យើងដូចគ្នា

អ្នកឧកញ៉ា លី សុភាព នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជានិមិត្តរូបនៃជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងស្មារតីនៃភាពជាដៃគូ ការរីកចម្រើន និងចក្ខុវិស័យរួមគ្នា។ កិច្ចសហការនេះមិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ វា​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​តម្លៃ​កាន់​តែ​ច្រើន និង​សេវាកម្ម​កាន់​តែ​ប្រសើរ​ដល់​អតិថិជន​ទៅ​វិញ​ទៅ​មក​នៅ​ទូទាំង​ប្រទេស​កម្ពុជា

ដូច្នេះហើយ សម្ព័ន្ធភាពជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងពីរនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលនៃសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។ វារួមបញ្ចូលគ្នានូវភាពរឹងខ្លាំង និងភាពជឿជាក់នៃថ្នាលឌីជីថល និងបណ្តាញសាខាយ៉ាងទូលំទូលាយរបស់ធនាគារ ហត្ថា ជាមួយនឹងការផ្តល់ជូននូវធានារ៉ាប់រងដែលអាចជឿទុកចិត្តបានរបស់ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ដើម្បីផ្តល់នូវបទពិសោធកាន់តែមានប្រសិទ្ធភាព សន្សំសំចៃ និងងាយស្រួលប្រើសម្រាប់អតិថិជនទាំងអស់។ ជាលទ្ធផលចុងក្រោយ វានឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួន។