ធនាគារ ហត្ថា សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង ក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក ជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសម្របសម្រួលជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ​ ជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់កម្ពុជាមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅ ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអតិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា ការសហការ រវាង ធនាគារ ហត្ថា និង​អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក ក្នុងថ្ងៃនេះគឺ ជាការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរយើងឱ្យមានការអភិវឌ្ឍ និងការរីកចម្រើនកាន់តែខ្លាំងក្លាឡើង តាមរយៈការតាំងចិត្តខ្ពស់របស់ធនាគារ ហត្ថា ក្នុងការចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដែលនឹងរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ាក្រូ​ ដែលយើងបានចុះអនុស្សារណៈគយល់គ្នានាវេលានេះ”។ លោកបន្តថា ក្នុងនាមជាធនាគារពាណិជ្ជ ដែលមានបណ្តាញសាខាធំជាងគេលំដាប់ទី២ក្នុង ព្រះរាជាណាចក្រកម្ពុជា ធនាគារ ហត្ថា​ និងផ្តល់ជូននូវកញ្ចប់សេវាហិរញ្ញវត្ថុពិសេសជាច្រើនប្រភេទប្រកបដោយភាពបត់បែន ដល់ពាណិជ្ជករ ផលិតករ ​​​ឬអាជីវករ ដែលមានបំណងពង្រីកសក្តានុពលនៃពាណិជ្ជកម្ម ផលិតកម្ម និងអាជីវកម្មរបស់ខ្លួនឱ្យមានការអភិវឌ្ឍ និងរីកចម្រើនក្នុងការផលិតផលិតផលខ្មែរយើងឱ្យកាន់តែមានគុណភាពដល់អ្នកប្រើប្រាស់​។ ជាចុងក្រោយ លោកជឿជាក់ថាការសហការរវាង ធនាគារ ហត្ថា និង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក នឹងជួយជំរុញឱ្យមានការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស និងសកលលោក។