បុគ្គលិកធនាគារ ហត្ថា ស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ”

ភ្នំពេញ  ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២៖ បុគ្គលិករបស់ ធនាគារ ហត្ថា ប្រមាណជាង១០០នាក់​មកពី​ការិយាល័យ​កណ្តាល និងសាខានានាស្ថិត​ក្នុងរាជធានីភ្នំពេញ​បានរួមគ្នា​បរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅធនាគារ ហត្ថា សាខាចំការមន ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត  មើក សាមាន  អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា សរុបប្រមាណជា ១៥០នាក់។

ការបរិច្ចាគឈាម​របស់​បុគ្គលិក ធនាគារ ហត្ថា ​ក្នុង​ថ្ងៃ​នេះ​បាន​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គមជាមួយនឹង​ការយក​ចិត្ត​ទុកដាក់ ការស្រលាញ់ និងចូលរួម​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ និង​សង្គមជាតិ។

លោក​ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តី​សប្បាយ​រីករាយដោយឃើញបុគ្គលិក ធនាគារ ហត្ថា បានផ្តួចផ្តើម​រៀបចំកម្មវិធីនេះឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំពិត​ជាសប្បាយ​រីករាយ​ជាខ្លាំង ដែលក្រុមការងារ​ធនាគារ ហត្ថា ​បាន​រួមគ្នា​ស្ម័គ្រចិត្តដើម្បីបរិច្ចាគ​​ឈាមជូនមជ្ឈមណ្ឌលជាតិ      ផ្តល់ឈាម​ក្នុងថ្ងៃនេះ​ហើយឈាម​ដែល​បរិច្ចាគនេះ​នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នក​ជំងឺបានទាន់ពេលវេលា ពីព្រោះ​មជ្ឈមណ្ឌលនឹង​ផ្តល់​ឈាម​ជូនអ្នក​ជំងឺភ្លាម​ៗ​ប្រសិន​បើគាត់​ត្រូវការ​បន្ទាន់ និង​ចាំបាច់ដោយ​មិន​តម្រូវឱ្យរក​មនុស្ស​មក​បរិច្ចាគ​ដើម្បី​ផ្លាស់​ប្តូរឡើយ“ ។​

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា “គណៈគ្រប់គ្រង​និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា ពិត​ជា​មាន​សេចក្តីសោមនស្ស​រីករាយ និងកិត្តិយសដែលបានរៀបចំកម្មវិធី ទំនួលខុសត្រូវសង្គម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ” ដែលរៀបចំដោយធនាគារ ហត្ថា និងមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន ជាអនុប្រធានមជ្ឈមណ្ឌល”។ លោកបន្តថា “កម្មវិធីខាងលើនេះគឺ ផ្តោតសំខាន់លើការលើកកម្ពស់សុខមាលភាពសង្គម ព្រមទាំងកាត់បន្ថយអត្រាបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាដោយសារកង្វះខាតឈាមនៅពេលមានតម្រូវការ​”។ ជាចុងក្រោយ លោកជឿជាក់ថាសកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត

សូមបញ្ជាក់ថា ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ៩០.០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។