ធនាគារ ហត្ថា ប្រារព្ធពិធីដាំដើមឈើ ក្រោមប្រធានបទ៖ ដាំដើមឈើ ដើម្បីបរិស្ថានរបស់យើង

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម និងបរិស្ថាន ក្រោមប្រធានបទ “ដាំដើមឈើ ដើម្បីបរិស្ថានរបស់យើង”។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅបរិវេណនៃអគារការិយាល័យកណ្តាលថ្មីរបស់ ធនាគារ ហត្ថា តាមបណ្តោយមហាវិថីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក និងគណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក របស់ធនាគារ ហត្ថា និងអ្នកសារព័ត៌មានមកពីបណ្តាញសារពត៌មានផ្សេងៗផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា ដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីវិតលើភពផែនដីយើងនេះ វាផ្តល់អុកស៊ីសែនសំរាប់ឱ្យមនុស្សយើងដកដង្ហើម និងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការកើនឡើងនូវកម្តៅផែនដី​​លោកបន្តថា ការដាំដើមឈើក្នុងបរិវេណនៃអគារការិយាល័យកណ្តាលថ្មីដែលកំពុងតែសាងសង់របស់ ធនាគារ ហត្ថា  ក្នុងថ្ងៃនេះ គឺជាការរួមចំណែកកាត់បន្ថយកម្តៅផែនដី និងរក្សាបរិស្ថានឱ្យស្រស់បំព្រង ព្រមទាំងជាម្លប់សំរាប់សាធារណជន ក៏ដូចជាអតិថិជន ជាពិសេសបុគ្គលិករបស់ ធនាគារ ហត្ថា ដែលនឹងមកបម្រើការងារក្នុងអគារការិយាល័យកណ្តាលថ្មីនេះតែម្តងជាចុងក្រោយ លោកជឿជាក់ថា សកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់សាធារណជនឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែឧសភា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជាង ៨០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ១០០.០០០នាក់។  ធនាគារ ហត្ថា​ ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។