ធនាគារ ហត្ថា ប្រកាសគម្រោងអគារការិយាល័យកណ្តាលថ្មី ដែលមានទំហំជាង ៤០ ០០០ ម៉ែត្រក្រឡា តាមបណ្តោយផ្លូវ៦០ម៉ែត្រ

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលទើបទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសពីគម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីដ៏ធំស្គឹមស្កៃ និងដ៏ទំនើប ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មដែលមានសន្ទុះខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ផែនការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ត្រូវបានប្រកាសជាសាធារណៈក្នុង ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់អគារការិយាល័យកណ្តាលថ្មី របស់ខ្លួន ជាមួយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗផ្ទួនៗគ្នា បន្ថែមពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន ពីព្រោះថាកាលពីចុងឆ្នាំ ២០២០ កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទៅជាធនាគារពាណិជ្ជ ទោះបីជានៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។ ហើយជាក់ស្តែងក្នុងថ្ងៃនេះ ធនាគារ ហត្ថា បានចុះហត្ថាលេខា ដើម្បីសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ខ្លួនចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងជាតំបន់ដែលពោពេញទៅដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ឲ្យដឹងថា “ គម្រោងសាងសង់អគារ ការិយាល័យកណ្តាលថ្មីនេះ មានទំហំសំណង់សរុបប្រមាណជាង ៤០ ០០០ ម៉ែត្រក្រឡា និងមានកម្ពស់ ២២ជាន់ ដែលស្ថិតនៅលើផ្ទៃដីប្រមាណជិត ១៥ ០០០ ម៉ែត្រក្រឡា តាមបណ្តោយមហាវិថីសម្តេចតេជោសែន (ឬផ្លូវ៦០ម៉ែត្រ)។ ហើយអគារថ្មីនេះ មានមុខងារជាច្រើន រួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។” លោកឧញ៉ាបានបន្ថែមទៀតថា “អគារការិយាល័យថ្មីនេះ គឺសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្មដែលយើងបានប្តេជ្ញាក្លាយទៅជាធនាគារជំរើសទីមួយរបស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថា ទាំងអស់។” បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងល្អិតល្អន់អស់រយៈជិតមួយឆ្នាំកន្លងមកនេះ ធនាគារ ហត្ថា បានធ្វើការជ្រើសរើស ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ដើម្បីធ្វើការរចនា និងការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ។

លោកជំទាវ ជា សុខយូ នាយកគ្រប់គ្រង និងស្ថាបត្យករក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បានឲ្យដឹងថា៖ “ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ពិតជាមានមោទនភាព ដែលធនាគារ ហត្ថា បានផ្តល់ទំនុកចិត្ដ ក្នុងភាពជាដៃគូដើម្បីរចនាប្លង់ និងសាងសង់នូវគម្រោងអគារការិយាល័យកណ្ដាលថ្មីរបស់ធនាគារ ហត្ថា ទាំងមូល ហើយជាពិសេស គឺយើងមានគោលដៅរួមគ្នា នោះគឺការសាងសង់នូវអគារ ដែលមានគុណភាព និងស្តង់ដា។ ការរចនាប្លង់ និងផែនការសាងសង់គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវវិញ្ញាបណ្ណប័ត្រ Green Mark ពីអង្គការ BCA ព្រមទាំងអនុលោមតាមស្ដង់ដារ British Standard Building Code បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពវិស័យសំណង់ក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។”

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន ១៧៧ និងបណ្តាញអេធីអឹមចំនួន ១៣៧ នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារ ហត្ថា គឺជិត ៥០ម៉ឺនគណនី ដោយក្នុងនេះ គណនីបញ្ញើសន្សំមានជិត ៣០ម៉ឺនគណនី និងគណនីឥណទានជិត ២០ម៉ឺនគណនី។ ជាមួយគ្នានេះដែរ សំពាធឥណទានរបស់យើងបានកើនឡើងដល់ជាង ១ ៣០០ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជា ២៦% បើធៀបនឹងឆ្នាំ២០១៩ និងចំណែកសំពាធប្រាក់បញ្ញើសន្សំបានកើនឡើងដល់ជិត ៨០០ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣២% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តវិញបានកើនឡើងរហូតដល់ ១០៥% គឺកើនឡើងពីជាង ៨ ០០០ នាក់ ទៅដល់ជាង ១៦ ០០០ នាក់ បន្ទាប់ពី យើងបានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០។